Menu

វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម

វិទ្យាស្ថាន​គរុកោសល្យ​កំពង់ចាម (វ.គ.ក.ច ឬ KCTEC) ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលគ្នារវាងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម និងសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ចាម ហើយស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងនាមជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានមានបេសកកម្មនិងភារកិច្ចចម្បងក្នុងការអប់រំ បណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនកម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋាន ដោយផ្តោតលើការកសាងនិងអនុវត្តផែនការអភិវឌ្ឍវិទ្យាស្ថាន ការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងការរៀបចំកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដារគុណវុឌ្ឍិជាតិ។

ទន្ទឹមនឹងនេះ វិទ្យាស្ថានក៏ធ្វើការស្រាវជ្រាវគរុកោសល្យលើការបង្រៀននិងរៀន ចងក្រងឯកសារបោះពុម្ពផ្សាយ និងធ្វើសហប្រតិបត្តិការជាមួយគ្រឹះស្ថានជាតិនិងអន្តរជាតិស្ថាប័នពាក់ព័ន្ធនានាផងដែរ។ វិទ្យាស្ថានដំណើរការកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនតាមប្រព័ន្ធបរិញ្ញាបត្រ+១ និង ១២+៤ ខណៈដែលការអនុវត្តការងារទូទៅត្រូវបានតម្រង់ទិសដោយក្រុមប្រឹក្សាភិបាល ដើម្បីធានាបាននូវការអនុលោមតាមគោលនយោបាយអប់រំជាតិ។